ផលល្អ និងផលអាក្រក់​ រវាង​ទឹកដោះ​គោ​ និង​ទឹកដោះ​ម្តាយសម្រាប់ទារក


មាតាបិតា​មួយចំនួន​បានដឹងហើយថា ការជ្រើសរើស វី​ធី​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ ឬ​ទឹកដោះ​ម្តាយ វា​មាន​ភាពខុសគ្នា​ដូច​មេឃ និង​ដី ។ ផ្ទុយទៅវិញ​មាតាបិតា​មួយចំនួន នៅតែ​ជ្រើសរើស​វី​ធី​បំបៅ​ដោះ​កូន ដោយ​ទឹកដោះគោ​ប្រចាំ បើ​ទោះបី​ដឹងថា កុមារ​អាច​មាន​ជម្ងឺ​ច្រើន ប្រសិនបើ​បៅ​ទឹកដោះគោ​ក៏ដោយ ព្រោះ​ទឹកដោះគោ​មិន​មាន​ជាតិ​អ្វី​ជួយ​ទប់ស្កាត់​នូវ ជម្ងឺ ដែល​បាន​កើតមាន​ឡើង​ទៅលើ​កុមារ​ឡើយ ។ ចំណែក​ទឹកដោះ​ម្តាយ មាន​សារជាតិ​ទប់ស្កាត់ អាច​ជួយ​បន្ថយ​នូវ​អាការ​ជម្ងឺ​មួយ​ចំនួន ដែល​មាន​បំណង​យាយី​លើ​កុមារ​បាន​ច្រើន​ផង​ដែរ ។ 

ផល​ល្អ​ចំពោះ​កុមារ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ គឺ​មាន​ប្រយោជន៍​ច្រើនយ៉ាង ដូចជា ជួយ​ការពារ​ទារក​ទប់ទល់​នឹង​ជម្ងឺ​អាលែកហ្ស៊ី ការពារ​ទារក​ទប់ទល់​ជម្ងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ជាដើម ។ មិនតែប៉ុណ្ណោះ​វិធី ជ្រើសរើស​ដែល​ល្អ​នោះ ត្រូវ​បំបៅកូន​ដោយ​ទឹកដោះ​មួយ​មុខ​គត់ យ៉ាងហោច​ណាស់​បាន​រយៈ​ពេល ៦ ខែ​ទើប​សមល្មម ។ ប្រសិនបើ​មាតា​បំបៅ​ដោះ​កូន​រហូតដល់ ១២ ខែ វា​កាន់តែ​ល្អ​សម្រាប់​ទារក វា​ធ្វើឲ្យ​កុមារ​នោះ​មាន​បញ្ញា​ឈ្លាសវៃ​ទៀតផង ។ 

សារៈប្រយោជន៍ របស់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​

១- ការ​បំបៅ​ដោះកូន​មានប្រយោ​ជន៍ជួយ​ទប់ទល់​នឹង​ជម្ងឺឆ្លង​តាមរយៈ ប្រព័ន្ធ​ការពារ​ដែល​គេ​ហៅថា ’​អង់ទីគ័​រ​” ដែល​មាន​នៅក្នុង​ទឹកដោះ​ម្តាយ ។ វា​អាច​ការពារ​ជម្ងឺឆ្លង​បាន​ច្រើនយ៉ាង ដូចជា ជម្ងឺ​រលាក​ត្រចៀក ជម្ងឺរាក ជម្ងឺ​រលាក​ផ្លូវដង្ហើម កាត់បន្ថយ​ជម្ងឺរលាកស្រោមខួរ​ក្បាល ។​ល​។​
២- ការពារ​ទប់ទល់​អាលែកហ្ស៊ី ការពារ​ជម្ងឺហឺត ការពារ​ជម្ងឺ​ទឹកនោម​ផ្អែម ការពារ​ជម្ងឺ​ធាត់​តិចជាង​ក្មេង​បៅ​ទឹកដោះគោ ។ ទាំងអស់នេះ វា​ធ្វើឲ្យ​កាត់បន្ថយ​ចំនួន​ថ្ងៃ​កើត​ជម្ងឺ​របស់​ក្មេង ដោយសារ​ក្មេង​ដែល​បៅ​ទឹក​ដោះ ម្តាយ​មិន​សូវ​បង្ហាញ​អាការ​ជម្ងឺ​ដូច​ក្មេង​បៅ​ទឹកដោះគោ ។ 
៣- ទឹកដោះ​ម្តាយ​ផ្តល់​នូវ​អាហារ​ចិញ្ចឹម​គ្រប់គ្រាន់ ហើយ​ទឹកដោះ​ម្តាយ​ងាយស្រួល​រំលាយ និង​ស្រូប​យក​បាន​ល្អ​ជាង​ទឹកដោះគោ ។ មានន័យ​ថា កុមារ​បៅ​ទឹកដោះ​ម្តាយ​ងាយ​រលាយ​អាហារ មិន​បណ្តាល​ឲ្យ​ទារក​ឈឺ​ពោះ ឬ​ហើម ពោះ​រាក​នោះទេ ។​
៤- ទឹកដោះ​ម្តាយ​មិនចាំបាច់​ចំណាយ​ប្រាក់​កាក់ ហើយ​ជួយ​សន្សំ​ប្រាក់​ថែម​ទៀត ទៅលើ​បញ្ហា​ចំណាយ​លើ​ជម្ងឺ​ឈឺ​ថ្កាត់​ផ្សេងៗ ។ ព្រោះ​ទឹកដោះ ម្តាយ ជួយ​កាត់បន្ថយ​ជម្ងឺ​បាន​ច្រើន ។​
៥- ទឹកដោះ​ម្តាយ​មាន​រសជាតិ​គ្រប់បែបយ៉ាង ធ្វើឲ្យ​កុមារ​ទទួលបាន​វីតាមីន និង​ថាមពល​គ្រប់គ្រាន់ ។ ហើយ​រសជាតិ​នៃ​ទឹកដោះ​ម្តាយ​នោះ បាន​ផ្លាស់ប្តូរ​គ្រប់​រសជាតិ ទៅតាម​ចំណីអាហារ ដែល​ម្តាយ​ទទួលទាន ។ ដូច្នេះ​ហើយ​កុមារ​ភាគច្រើន ចូលចិត្ត​បៅ​ទឹកដោះ​ម្តាយ​ជាង​ទឹកដោះគោ ដោយសារ​តែ​ទឹកដោះគោ​មាន​រសជាតិ​តែមួយ​មុខ ។ 
៦- មាន​លក្ខណៈ​ងាយស្រួល ក្នុងការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ច្រើន​ជា​បំបៅ​ដោយ​ទឹកដោះគោ​ម្សៅ ។ ការ​បំបៅ​ដោយ​ដោះ​ម្តាយ​មិន​ចាំបាច់​មាន​កំប៉ុង មិន​ចាំបាច់​មាន​ក្បាលដោះ និង​មិន​ចាំបាច់​លាង​សម្អាត ឬ​ស្ងោរ​អនាម័យ​ឡើយ ។ ទឹកដោះ​ម្តាយ​គ្រាន់តែ​លាង​ដោះ​ឲ្យ​ស្អាត ជា​ញឹកញាប់​មុន​ពេល​បំបៅ​ជា​ការ​ស្រេច ។ 
៧-​ទឹកដោះ​ម្តាយ​ការពារ​ជម្ងឺ​ធាត់​ទៅលើ​ទារក និង​ការពារ​ម្តាយ​មិន​ឲ្យ​ធាត់​ផងដែរ ហើយ​មិន​អាច​វិល​ទៅ​រក​ទម្ងន់​មុន​ពេល​ពពោះ ។​
៨- ទារក​បំបៅ​ដោះ​ម្តាយ​មាន​បញ្ញា​ឈ្លាសវៃ ជាង​ទារក​បៅ​ទឹកដោះគោ​ម្សៅ ។ មិនតែប៉ុណ្ណោះ​សុខភាព​ផ្លូវចិត្ត​របស់​ទារក​ល្អ និង​បង្កើត​ភាពស្និទ្ធស្នាល​ជាមួយ​ម្តាយ និង​មាន​ទឹកចិត្ត​ស្រឡាញ់​ឪពុកម្តាយ​ផងដែរ ។​
៩- ទារក​បៅដោះ​ម្តាយ​ជួយ​ឲ្យ​ម្តាយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ជម្ងឺ​បេះដូង  និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​លើស​គី​ឡូ ព្រមទាំង​ផ្តល់​ឲ្យ​ម្តាយ​មាន​មធ្យោបាយ​ការពារ​កំណើត​មួយ ’​កម្រ​មាន​ផ្ទៃពោះ​” និង​កាត់បន្ថយ​អត្រា​ជម្ងឺមហារីក​មាត់ស្បូន ជម្ងឺ​ក្រពេញ និង​កាត់បន្ថយ​ជម្ងឺមហារីក​ផ្សេងៗ​ទៀត ។​

គុណវិបត្តិ​របស់​ទារ​ក​បំបៅ​ទឹកដោះ​ម្តាយ​

១- អាច​ធ្វើ​ឲ្យ​ម្តាយ​ពិបាក​ងើប​អង្គុយ​បំ​បៅដោះ នៅពេល​ដែល​ទារក​យំ​ម្តងៗ បណ្តាល​ឲ្យ​ម្តាយ​ឈឺ​ឆ្អឹងឆ្អែង ចុក​ខ្នង មិន​ស្រួលខ្លួន ។ 
២- បំបៅ​ដោះ​ម្តាយ ត្រូវបំ​បៅដោះ​ញឹកជាប់​ជាង​ទឹកដោះគោម្សៅ ព្រោះ​ទឹកដោះ​ម្តាយ​ងាយស្រួល​រំលាយ និង​ស្រូប​ជាង​ទឹកដោះគោ​ម្សៅ ។ 
៣- ម្តាយ​ដែល​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ ត្រូវតែ​ទទួល​ទាន​អាហារ ដោយ​មាន​ការប្រុងប្រយ័ត្ន មិន​អាច​ទទួល​ទាន​ផ្តេសផ្តាស​ទេ ព្រោះ​អាច​បណ្តាល​ឲ្យ​ទា​រកមាន​ជម្ងឺ​ផ្សេងៗ ។ 
៤- ទារក​ជួប​ផល​លំបាក​នៅពេលដែល​ម្តាយ​មាន​ជម្ងឺ ឬ​មាន​បញ្ហា​អ្វីមួយ ដូចជា ពេល​ប្រើប្រាស់​ថ្នាំ​ច្រើន គឺ​ធ្វើឲ្យ​ទារ​កមិន​អាច​បៅយក​ទឹកដោះ​ពី​ម្តាយ​បានឡើយ ព្រោះ​វា​អាច​បង្ក​បញ្ហា​គ្រោះថ្នាក់​ដល់​ទារក ។​

ចំណុច​ល្អ​របស់​ការ​បំបៅ​ទឹកដោះគោ​ម្សៅ​ ចំពោះ​ការ​បំបៅ​ទឹកដោះគោ​ម្សៅ មាតា​មួយចំនួន​មិនសូវ​ចង់​ប៉ុន្មាន​នោះទេ តែ​វា​ជា​ការ​ចាំបាច់​មួយ​ចំពោះ​ម្តាយ​ណា ដែល​មិន​មាន​ទឹកដោះ​គ្រប់គ្រាន់ សម្រាប់​បំបៅ​ទារក​ពេល​ប្រើប្រាស់​ថ្នាំ ឬ​ម្តាយ​មាន​ជម្ងឺ​ប្រចាំកាយ ។ ម្តាយ​ខ្លះទៀត គ្មាន​ពេលវេលា​សម្រាប់​បំបៅ​ដោះ​កូន រវល់​ធ្វើ​ការងារ ដើម្បី​ដោះស្រាយ​ជីវភាព ។ ដូច្នេះហើយ​ជម្រើស​របស់​គាត់​ត្រូវ​ជ្រើសរើស ទឹកដោះគោ​ម្សៅ ។ ទឹកដោះគោ​ម្សៅ​ថ្វីត្បិតតែ​មិនសូវ​មាន​ការណែនាំ ពី​គ្រូពេទ្យ​ក៏ដោយ តែ​វា​ក៏​មាន​ផលប្រយោជន៍​ដែរ សម្រាប់​ករណី​ដែល​មាតា​មួយចំនួន​ចៀសវាង​មិន​បាន ។ 

សារៈប្រយោជន៍​របស់​ទឹកដោះគោ​

១- សម្រាប់​ជំនួស​ទឹកដោះ​ម្តាយ ក្នុងករណី​ដែល​ម្តាយ​អត់​មាន​ទឹកដោះ ឬ​គាត់​មិន​អាច​បំបៅ​ដោះកូន​ដោយ​ដោះ​គាត់​បាន ។ 
២- មាន​ករណី​ខ្លះ​ទារក​ត្រូវការ​វីតាមីន​បន្ថែម​មួយចំនួន ដែល​លើស​ពី​ធម្មតា ដែល​ទារក​ត្រូវកា​រហើយ ខ្វះខាត​វីតាមីន​អ្វីមួយ​ច្រើន ព្រោះ​នៅក្នុង​ទឹកដោះគោ​ម្សៅ​នោះ អាច​មាន​បរិមាណ​ជួយ​បន្ថែម​វីតាមីន​បាន ។​
៣- អ្នកខ្លះ​បំបៅ​ដោះកូន​ច្រើន​បង្ក​ឲ្យ​មាន​បញ្ហា​ស្ត្រេ​ស ក៏​ជ្រើសរើស​យក​ទឹកដោះគោ​ម្សៅ​នេះ​តែម្តង ។​
៤- ការ​បំបៅ​ទឹកដោះគោ​ម្សៅ​ស្រួល​ម្យ៉ាងដែរ ព្រោះ​មិន​ចាំបាច់​ម្តាយ​ផ្ទាល់​នោះទេ សូម្បី​តែ​ក្មួយ ម្តាយក្មេក ម្តាយបង្កើត ឬ​បងប្អូន​ក៏​អាច​ឲ្យ​បៅ​បានដែរ ។ 
៥- ការ​បំបៅ​ទារក ដោយ​ទឹកដោះគោ​ម្សៅ​បានយូរ​ជាង​បំបៅ​ទឹកដោះ​ម្តាយ ព្រោះ​ម្សៅ​ទឹកដោះគោ​ក្រ​រំលាយ​អាហារ ដូច្នេះ​ហើយ​វា​នៅ​តឹង​ពោះ​ហើយ​បានយូរ មិនសូវ​បៅ​ញឹកញាប់​ជាង​ទឹកដោះ​ម្តាយ ។​
៦- ម្តាយ​ដែល​បំបៅ​ទឹកដោះគោ​ម្សៅ មិនចាំបាច់​តមចំណី​អាហា​រ​នោះទេ ម្តាយ​ទទួលទាន​ចំណីអាហារ​អ្វី​ក៏បាន ។ 

គុណវិបត្តិ​របស់​ការ​បំបៅ​ដោះ​ដោយ​ទឹកដោះគោ​

១- ទឹកដោះគោ​ម្សៅ​មិន​អាច​មាន​ប្រព័ន្ធ​ការពារ ដូច​ទឹកដោះ​ម្តាយ​នោះ​ទេ ហើយ​ប្រសិនបើ​ក្រុមគ្រួសារ​ប្រើប្រាស់​ឧបករណ៍​បំបៅ​នោះ មិន​បាន​ត្រឹមត្រូវ​អាច​បង្ក​ឲ្យ​ទា​រកមាន​ជម្ងឺ ។​
២- ចំណាយលុយ​ច្រើន​លើ​ទឹកដោះគោ​ម្សៅ​
៣-​ធ្វើ​ឲ្យ​ក្មេង​មិន​ស្រួល​ពោះ ហើម​ពោះ តឹង​ពោះ រា​ក ជួន​លាមក​ក្តៀន​
៤- ទឹកដោះគោ​ម្សៅ​មិន​អាច​ជំនួស​ទឹកដោះ​ម្តាយ​បាន​មួយរយ​ភាគរយ​ទេ ។ 

ដំបូន្មាន​អ្នកជំនាញ​

មាតាបិតា​អាណាព្យាបាល​ទាំងអស់ គប្បី​ត្រូវ​បំបៅ​ដោះ​កូន​ដោយ ទឹកដោះ​ម្តាយ​ជានិច្ច យ៉ាងហោចណាស់​ក៏​មាន​រយៈពេល ៦ ខែ​ផង​ដែរ ។ មិនតែប៉ុណ្ណោះ ប្រសិនបើ​មាតា​បំបៅ​ដោះ​កូន ដោយ​ទឹកដោះ​ម្តាយ​នេះ លើសពី ៦​ខែ ទៅ ១២ ខែ​កាន់​ប្រសើរ ព្រោះ​វា​ជួយ​កាត់បន្ថយ​ជម្ងឺ​ផ្សេងៗ ដល់​កុមារ ឲ្យ​ជៀសផុត នូវ​ជម្ងឺ​រលាក​ផ្សេងៗ ។ ម្យ៉ាងទៀត ម្តាយ​ដែល​បំបៅ​ដោះ​កូន ដោយ​ទឹកដោះ​ក៏​ទទួលបាន​នូវ​ផលប្រយោជន៍​ច្រើន​ផង​ដែរ គឺ​កាត់​បន្ថយ​ជម្ងឺមហារីក​មាត់ស្បូន ជម្ងឺ​លើស​គី​ឡូ និង​ជម្ងឺមហារីក​ផ្សេងៗ ផងដែរ ។ ដូច្នេះ ហើយ​មាតា​គ្រប់រូប​គួរ​ជ្រើសរើស​វី​ធី​បំបៅ​ដោះដោយ​ទឹកដោះ​ម្តាយ ៕


ប្រភព CEN
ដោយបងពេទ្យ
Previous
Next Post »
0 Komentar