មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​ សូវៀត​


មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ សូវៀត​ ឬ​ហៅ​ថា​ពេទ្យ​រុស្សី ជា​មន្ទីរ​ពេទ្យ​សាធារណៈ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​សុខាភិបាល ដែល​​មាន​ទីតាំង​នៅ​តាម​បណ្តោយ​មហាវិថី​កង​យោធពលខេមរភូមិន្ទ ក្នុង​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ។ 

នៅ​ប្រទេស​កម្ពុជា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត​ ជាមន្ទីរ​ពេទ្យ​ដ៏ធំមួយ ដែល​បាន​សាង​សង់ នៅ​លើ​ផ្ទៃដីប្រមាណ ១០​ហិចតា ។ បច្ចុប្បន្ន​មន្ទីរពេទ្យ​មាន​ចំនួន​គ្រែ​សរុប កើនដល់ ៥០០គ្រែ និង​មន្ត្រី​ បុគ្គលិក​រាជការ​ក្នុង​ក្របខណ្ឌ​បម្រើ​ការ​ចំនួន ៥៤៥នាក់ ក្នុង​នោះ​មាន​ ប្រុស ២៩៦នាក់ និង​ស្រី ២៤៩នាក់ ។ 

តួនាទី​មន្ទីរពេទ្យ 
មន្ទីរ​ពេទ្យ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​វិស័យ​សុខាភិបាល​របស់​ប្រទស​កម្ពុជា ។ មន្ទីរពេទ្យ​មាន​តួនាទី ៖
- ពិនិត្យ​ និង​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ
- ផ្តល់​នូវ​សេវា​បង្ការ​ជំងឺ​ឆ្លង​នានា តាម​រយៈ​ការចាក់​វ៉ាក់​សាំងបង្ការ​ជំងឺ​របេង ជំងឺ​តេតាណុស ជំងឺ​កញ្ជ្រិល ជំងឺ​ខាន់​ស្លាក់ ជំងឺ​រលាក​ថ្លើម​ប្រភេទបេ និង​វ៉ាក់​សាំង​បង្ការ​ជំងឺ​មហារីក​មាត់ស្បូន 
- ទទួល​ និង​បណ្តុះ​បណ្តាល​សិស្ស និស្សិត​ដែល​មក​ពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​នានា ទាំង​ក្នុង​និង​ក្រៅ​ប្រទេស
- សហការ​ជាមួយ​អង្គការ​ដៃគូ និង​អង្គការ​អភិវឌ្ឍន៍​នានា ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ក្នុង​ការងារ​ស្រាវជ្រាវ បង្ការ និង​អភិវឌ្ឍន៍​សុខាភិបាល 
- ចូល​រួម​ជាមួយ​កម្មវិធីជាតិ​នានា ដូចជា​កម្មវិធី​បង្ការ​ និង​ព្យាបាល​ជំងឺ​អេដស៍​ ជំងឺ​របេង 

រចនា​សម្ព័ន្ធ​រដ្ឋបាល​របស់​មន្ទីរពេទ្យ
មន្ទីរពេទ្យមាន​នាយក​មន្ទីរពេទ្យ ១រូប និង​នាយករង​មន្ទីរពេទ្យ ៧រូប ។ មន្ទីរពេទ្យមាន​ការិយាល័យ​ក្រោមឱវាទ ៣ គឺ ការិយាល័យ​រដ្ឋបាល ការិយាល័យគណនេយ្យ និង​ការិយាល័យបច្ចេកទេស ។ ក្រៅ​ពី​នេះ មន្ទីរពេទ្យ​មាន​ផ្នែក​វេជ្ជសាស្ត្រចំនួន​ ២២ផ្នែក និង​ផ្នែក​ជំនួយ​វេជ្ជសាស្ត្រ​ចំនួន ៦ ។ 

ការ​បែង​ចែក​ធនធានមនុស្ស​តាមកំរិតជំនាញ
- សាស្ត្រាចារ្យ​មហា​បរិញ្ញា ១១នាក់
- វេជ្ជបណ្ឌិតឯកទេស ៤៨នាក់
- ម៉ាស្ទ័រ ៤នាក់
- វេជ្ជបណ្ឌិត ១១៣នាក់
- ឱសថការីឧត្តម ១២នាក់
- ឱសថការីមធ្យម ៣នាក់ 
- គ្រូពេទ្យធម្យម ១៦នាក់
- គិលានុប្បដ្ឋាកមធ្យម ១៨៣នាក់
- គិលានុប្បដ្ឋាកបឋម ១២នាក់
- ទន្តបណ្ឌិត ១០នាក់
- ទន្តពេទ្យ ២នាក់
- ធ្មបមធ្យម ៦៣នាក់
- ឆ្មបបឋម ២នាក់
- អ្នកបច្ចេកទេសមន្ទីរពិសោធន៍មធ្យម ២៤នាក់
- អ្នក​បច្ចេកទេសមន្ទីរពិសោធន៍​ ៦នាក់
- ក្រៅពី​នេះ មានមន្ត្រី ដាក់ថ្នាំសណ្តំ បុគ្គលិក​ជាប់កុងត្រា និង​បុគ្គលិកបណ្តែត ។

ការ​ផ្តល់​សេវា​មន្ទីរពេទ្យមាន​ដូចជា ៖
- ផ្នែក​ពិគ្រោះជំងឺ​ក្រៅ​ទូទៅ និង​ពិគ្រោះ​ឯកទេសទាំង​កុមារ និង​មនុស្សចាស់
- ផ្នែក​សម្រាក​ពេទ្យ មាន ផ្នែក​វេជ្ជសាស្ត្រទូទៅ សង្គ្រោះ​បន្ទាន់ ជំងឺ​ឆ្លង ជំងឺ​មហារីក ជំងឺសួត ជំងឺ​សសៃ​ប្រសាទ ជំងឺកុមារ ជំងឺ​ផ្លូវចិត្ត មាត្រសាស្ត្រ រោគស្ត្រី សម្ភព វះកាត់កុមារ វះកាត់ មនុស្សចាស់ ផ្នែក​ថែទាំ​ក្រោយវះកាត់ ផ្នែក​ត្រចៀក ច្រមុះ បំពង់ក ផ្នែកចក្ខុសាស្ត្រ និងជំងឺមាត់ធ្មេញ ។ 
- ផ្នែក​អមវេជ្ជសាស្ត្រ មាន​ដូចជា​ផ្នែក​មន្ទីរពិសោធន៍ ផ្នែក​ថត​ឆ្លុះ ផ្នែក​ថត​សុដន់ និង​ផ្នែក​ជំនួយវេជ្ជសាស្ត្រ​ដ៏ទៃទៀត 
- ក្រៅ​ពី​នេះ​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ សូវៀត បាន​អនុវត្ត​កម្មវិធី​ជាតិ​មួយ​ចំនួន​ដូចជា កម្មវិធីអេដស៍ របេង កម្មវិធី​ជំងឺ​ផ្លូវចិត្ត​ កម្មវិធី​បង្ការ​ ចំលង​ពី​ម្តាយ​ទៅ​ទារក​ជាដើម ។

ប្រវត្តិ​មន្ទីរពេទ្យ
   មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​ សូវៀត ត្រូវ​បាន​ចាប់​ផ្តើម​កសាង​នៅ​ចុង​ទសវត្ស ១៩៥០ ក្រោម​ការ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហភាព​សូវៀត ហើយ​ត្រូវ​បាន​សម្ពោធ​ និង​ដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី ២៩ សីហា ១៩៦០ ដោយ​មាន​ឈ្មោះ​ថា មន្ទីរ​ពេទ្យ​កម្ពុជា សូវៀត ។

ការ​ផ្លាស់​ប្តូរ​ឈ្មោះ​មន្ទីរ​ពេទ្យ
- ថ្ងៃ​សម្ពោធ​រហូត​ដល់ ឆ្នាំ១៩៧៥ ៖ មន្ទីរពេទ្យ​កម្ពុជា សូវៀត
- របប​កម្ពុជា​ប្រជា​ធិបត្តេយ្យ (១៩៧៥ ដល់ ១៩៧៩) ៖ មន្ទីរពេទ្យ ១៧ មេសា
- របប​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា (១៩៧៩ ដល់ ១៩៩៣) ៖ មន្ទីរពេទ្យ​កម្ពុជា​ សូវៀត
- ១៩៩៣ ដល់ ២០០៥ ៖ មន្ទីរពេទ្យ ព្រះ​បាទ​នរោត្តមសីហនុ 
- ២០០៥ ដល់​បច្ចុប្បន្ន ៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​ សូវៀត

នាយក​គ្រប់​គ្រង
- មុន​ឆ្នាំ ១៩៧៥ ៖ លោក​ សាមៀ ផល្គុន និង សាស្ត្រាចារ្យ គឹម វៀន
- ១៩៧៥ ដល់ ១៩៧៩ ៖ សាស្ត្រាចារ្យ ឡេង សី
- ១៩៨០ ដល់ ១៩៩៣ ៖ សាស្ត្រាចារ្យ ជ័យ វិទ្យា, ឯកឧត្តម តែ គុយសៀង និង​ សាស្ត្រាចារ្យ លឹម ថៃភាង
- ១៩៩៣ ដល់ ១៩៩៧ ៖ សាស្ត្រាចារ្យ សំ សូភាន
- ១៩៩៧ ដល់ ២០០៦ ៖ វេជ្ជបណ្ឌិត អ៊ី ទួនសៀង
- ២០០៧ ដល់ ២០១២ ៖ សាស្ត្រាចារ្យ សាយ សេងលី
- ២០១២ ដល់​បច្ចុប្បន្ន ៖ សាស្ត្រាចារ្យ ងី ម៉េង

ទំនាក់ទំនងទៅកាន់ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត
Website : http://khmersoviethospital.org.kh/

ប្រភព មន្ទីរពេទ្យមិត្តភាពខ្មែរ​ សូវៀត
Previous
Next Post »
0 Komentar